សិក្ខាសាលាស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាព អប់រំឧត្តមសិក្សា របស់ប្រទេសអនុតំបន់ទន្លេមេគង្គ CLMV (Cambodia, Lao PDR, Myanmar, Vietnam)

0
2295

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ​​ និងការធានាគុណភាពអប់រំឧត្តមសិក្សា​​ របស់ប្រទេសអនុតំបន់ទន្លេមេគង្គ​  CLMV  (Cambodia, Lao PDR, Myanmar, Vietnam) កាលពីថ្ងៃទី​០៨​-១០ ខែធ្នូ២០១៩ នៅ​សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប​​ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់ភ្នាក់ងារធានាគុណភាពអប់រំនៃប្រទេសទាំង៤។​ សិក្ខាសាលានេះរៀបចំឡើង ក្រោមការជួយឧបត្ថម្ភនៃមូលនិធិឡាងឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិតទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សានិងប្រមូលធាតុចូលបន្ថែមលើលទ្ធផលស្រាវជ្រាវបឋមនៃការអនុវត្តគុណវុឌ្ឍិជាតិនិងការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃប្រទេសអនុតំបន់ទន្លេមេគង្គទាំង៤ ដែលត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាលើកទី១ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១០-១៣ ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងមកនេះ។

មានមិតិស្វាគមន៍នៅក្នុងសិក្ខាសាលា ឯកឧត្តម សុខ សុកេន បានគួរបញ្ជាក់ថាអំពីសារៈសំខាន់នៃមូលនិធិឡាងឆាងសម្រាប់ការអភិវឌ្ឍន៍ប្រទេសអនុតំបន់ទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ដែលទទួលបានគម្រោងយ៉ាងច្រើន ហើយគម្រោងដែលអនុវត្តដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាជាផ្នែកមួយនៃគម្រោងទាំងនោះ។

ឯកឧត្តមទូច វិសាលសុខ បានថ្លែងសន្ទរកថាបើកសិក្ខាសាលា ដោយបញ្ជាក់ពីសារៈសំខាន់នៃគម្រោងស្រាវជ្រាវនិងការប្រើប្រាស់លទ្ធផលនៃការស្រាវជ្រាវជាធាតុចូលសម្រាប់ពង្រឹងការអនុវត្តក្របខណ្ឌគុណវឌ្ឍិជាតិនិងកែលម្អប្រព័ន្ធវាយតម្លៃសំដៅលើកកម្ពស់គុណភាពអប់រំនៅឧត្តមសិក្សារបស់ប្រទេសនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសំដែងអំណរអរគុណចំពោះការចូលរួមពីភាគីពាក់ព័ន្ធនិងជាពិសេសរដ្ឋាភិបាលចិនដែលបានគាំទ្រនិងជួយឧបត្ថម្ភគម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះ។