សិក្ខាសាលាផ្សព្វផ្យាយអំពីការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និង ការធានាគុណភាពអប់រំឧត្តមសិក្សារបស់បណ្ដាប្រទេសសមាជិក CLMV (Cambodia, Lao PDR, Myanmar, Vietnam )

0
1645

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក) នៃក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំសិក្ខាសាលាអំពីការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និង ការធានាគុណភាពអប់រំឧត្តមសិក្សារបស់បណ្ដាប្រទេសសមាជិក CLMV (Cambodia, Lao PDR, Myanmar, Vietnam ) ថ្ងៃទី១៤-១៥ ខែមករា ២០២១ នៅខេត្តសៀមរាប។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្តល់ចំណេះដឹងដល់គ្រឹះស្ថានឧត្តមសិក្សា អំពីស្ថានភាពនៃការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាពអប់រំឧត្តមសិក្សាលើកម្មវិធីអប់រំជំនាញហិរញវត្ថុ វិស្វកម្មស៊ីវិល និង កសិកម្ម (ផ្នែកចំណីអាហារ) នៅតាមប្រទេស CLMV សម្រាប់ការកែលម្អកម្មវិធីសិក្សាទាំងបីជំនាញ និង ប្រព័ន្ធធានាគុណភាពផ្ទៃក្នុង(IQA) របស់គ្រឹះស្ថានឧត្តមសិក្សា។

សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និង កីឡា  ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង លោក LUI ZHIJIE ជាអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គទក ព្រមទាំងតំណាងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមការជួយឧបត្ថម្ភដោយមូលនិធិពិសេស មេគង្គ-ឡានឆាង របស់សាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ សូកេន បានផ្តល់មតិស្វាគមន៍ហើយបញ្ជាក់អំពីសារៈសំខាន់នៃមូលនិធិពិសេស មេគង្គ-ឡានឆាង សម្រាប់ការអភិវឌ្ឍន៍ប្រទេសសមាជិក CLMV ពិសេសប្រទេសកម្ពុជា ដែលទទួលបានគម្រោងយ៉ាងច្រើនដែលក្នុងនោះគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាជាផ្នែកមួយនៃគម្រោង។

ឆ្លើយតបទៅនឹងមតិស្វាគមន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃគម្រោងស្រាវជ្រាវនិងការប្រើប្រាស់លទ្ធផលនៃការស្រាវជ្រាវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងការអនុវត្តន៍ក្របខ័ណ្ឌគុណវឌ្ឍិជាតិ និងកែលម្អប្រព័ន្ធធានាគុណភាពអប់រំឧត្តមសិក្សារបស់ប្រទេសនីមួយៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណជាអនេកចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយឧបត្ថម្ភមូលនិធិសម្រាប់គម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះ និង គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាសេនាធិការ។