EventsNews

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគ.ទ.ក. ត្រូវបានជាប់ឆ្នោតជ្រើសតាំងជាប្រធានAYQON

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជ្រើសតាំងជា ប្រធាននៃបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន

លោក ទេព នាវា ដែលជាអនុប្រធាននាយកដ្ឋានស្ដង់ដានិងការទទួលស្គាល់គុណភាពអប់រំ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានសមាជិកបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន ទាំង១០ប្រទេស បោះឆ្នោតជាប់ជា ប្រធាន សម្រាប់អាណ្ណាត្តិរយៈពេល ៣ ឆ្នាំ (២០២០-២០២២) នាឪកាសកម្មវិធីជួបប្រជុំតុមូលប្រចាំឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនៅខេត្ត សៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

បណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ ត្រូវបានបង្កើតក្នុងឆ្នាំ ២០១៥ ក្រោមការគាំទ្រពីបណ្ដាញធានាគុណភាពអាស៊ាន (ASEAN Quality Assurance Network) ដើម្បីបម្រើជាវេទិកាសហប្រតិបត្តិការសម្រាប់មន្ត្រីធានាគុណភាពវ័យក្មេង ដែលមានអាយុមិនលើសពី ៤០ឆ្នាំ នៅតាមបណ្ដាប្រទេសទាំង១០នៃសមាគមន៍អាស៊ាន។ បណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ មានគោលដៅចំបង ៣ គឺ ១) ស្វែងរកនូវតម្រូវការនៃការបណ្ដុះបណ្ដាលសមត្ថភាពខុសៗគ្នារបស់មន្ត្រីធានាគុណភាពវ័យក្មេង ២) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្ដូរនវានុវត្ត បទពិសោធន៍ និងជំនាញ ក្នុងចំណោមមន្ត្រីធានាគុណភាពវ័យក្មេង និង ៣) បំពេញសកម្មភាពនានាដែលទាក់ទងនឹងការធានាគុណភាពនៅក្នុងតំបន់អាស៊ាន។

ការចូលរួមក្នុងបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ ពិតជាមានសារៈសំខាន់សម្រាប់ការលើកកម្ពស់កិច្ចការធានាគុណភាពអប់រំវិស័យឧត្ដមសិក្សាក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ដោយក្នុងន័យនេះ មន្ត្រីធានាគុណភាពនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ទ.ក និងនៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានិងស្ថាប័នពាក់ព័ន្ធនឹងអាចមានឪកាសទទួលបាននូវការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពទាក់ទងនឹងចំណេះដឹង ទស្សនាទាន និងជំនាញក្នុងការវាយតម្លៃនិងធានាគុណភាពអប់រំ, ផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ និងជំនាញធានាគុណភាពជាមួយនឹងបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានដើម្បីពង្រឹងប្រព័ន្ធធានាគុណភាពអប់រំឧត្ដមសិក្សាឲ្យកាន់តែប្រសើរឡើងនិងមានសមាហរណកម្មផ្សេងៗដូចជា កម្រិតគុណវុឌ្ឍិ ដំណើរការវាយតម្លៃធានាគុណភាពអប់រំឧត្ដមសិក្សា និងធនធានបច្ចេកទេសចាំបាច់នានា ឲ្យស្របនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលឈានមុខក្នុងវិស័យធានាគុណភាពអប់រំនិងវិស័យឧត្ដមសិក្សា។

សារ របស់លោក ទេព នាវា ប្រធានបណ្ដាញមន្ត្រីធានាគុណភាពវ័យក្មេងអាស៊ាន (President of ASEAN Young Quality Officers Network)

ខ្ញុំបាទមានសេចក្ដីសោមនស្ស និងមោទនភាពជាអនេកប្បការដែលបណ្ដាប្រទេសទាំង១០ នៃសមាគមន៍អាស៊ានបានផ្ដល់សេចក្ដីទុកចិត្តនិងគាំទ្រ ដោយបានបោះឆ្នោតជ្រើសតាំងខ្ញុំបាទជាប្រធាន បណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ។ ការជាប់ជា​ប្រធាន នៃបណ្ដាញនេះគឺជាអាណ្ណាត្តិទី២ របស់ខ្ញុំបាទ ដែលអាណ្ណាត្តិទីមួយគឺខ្ញុំបាទត្រូវបានជាប់ឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាការប្រតិបត្តិ (Executive Committee of member)។

សមាជិកនៃបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះមានសមាសភាពមកពី១០ ប្រទេសនៃសមាគមន៍អាស៊ាន ដែលសុទ្ធតែជាក្រុមមន្ត្រីដែលមាន​ទេពកោសល្យ ឆន្ទៈ កម្រិតគុណវុឌ្ឍ និងបទពិសោធន៍ខ្ពស់ ក្នុងវិស័យធានគុណភាពនិងក្នុងការបំពេញតួនាទីដើម្បីសម្រេចគោលដៅរួមរបស់បណ្ដាញនេះ ក៏ដូចជាសមាគមន៍អាស៊ានទាំងមូល។ សមាជិកទាំងនេះបានបំពេញភារកិច្ចជាច្រើនដើម្បីឲ្យបណ្ដាញនេះ លេចឡើងជារូបភាព និងដំណើរការមកដល់សព្វថ្ងៃនេះ ដូចជា ការកំណត់នូវបញ្ញាត្តិកំពូលនៃការរៀបចំនិងប្រព្រឹត្តិទៅ គេហទំព័រ និមិត្តសញ្ញា ឯកសារពាក់ព័ន្ធនានា និងកិច្ចប្រជុំតុមូលប្រចាំឆ្នាំចំនួន៤ លើក ដែលបានប្រព្រឹត្តិទៅនៅបាងកក ប្រទេសថៃ នៅឆ្នាំ២០១៦ ម៉ានីឡា ប្រទេសហ្វីលីពីន នៅឆ្នាំ២០១៧ បាលី ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០១៨ និង សៀមរាប ប្រទេសកម្ពុជា នៅឆ្នាំ២០១៩។

ជាចុងក្រោយ ខ្ញុំបាទសូមប្តេជ្ញា នឹងលោះបង់នូវកម្លាំងកាយនិងចិត្តដើម្បីបំពេញតួនាទីក្នុងការសម្របសម្រួលរវាងបណ្ដាប្រទេសនៃសមាគមន៍អាស៊ាន ផ្ដួចផ្ដើមគំនិតក្នុងន័យលើកកម្ពស់សមត្ថភាពមន្ត្រីធានាគុណភាពក្នុងប្រទេសកម្ពុជានិងក្នុងតំបន់  និងបន្តជំរុញអភិវឌ្ឍប្រព័ន្ធធានាគុណភាពអប់រំឧត្ដមសិក្សារបស់ព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍជាតិនិងតំបន់និងតម្រូវការសង្គមជាតិឲ្យខានតែបាន៕

Translate »