ដំណើរការថ្ងៃទី២៖ សិក្ខាកាមទាំង ៩ ក្រុម ចូលរួមពិភាក្សាស៊ីជម្រៅលើស្តង់ដាទាំង៩ ក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា
ខេត្តកំពង់ចាម៖ ដំណើរការសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឈានចូលដល់ថ្ងៃទី២ ដោយផ្តោតសំខាន់លើការអនុវត្តកិច្ចការក្រុមយ៉ាងស៊ីជម្រៅ នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។
ក្នុងអំឡុងពេលពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់ដែលជាមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ត្រូវបានបែងចែកជា ៩ ក្រុមពិភាក្សា ដើម្បីបំពេញភារកិច្ច និងប្រមូលផ្តុំគំនិតបច្ចេកទេសលើចំណុចសំខាន់ៗពីរ៖
១. ការប្រមូល និងវិភាគទិន្នន័យ៖ ពិភាក្សាលើវិធីសាស្ត្រប្រមូល វិភាគ និងបកស្រាយទិន្នន័យព្រមទាំងព័ត៌មានជាក់ស្តែងដែលទាក់ទងនឹងសូចនាករនៃ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩ សម្រាប់ការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាដោយផ្អែកលើភស្តុតាង (Evidence-based evaluation)។
២. ការសរសេររបាយការណ៍បែបវិភាគ៖ រួមគ្នាព្រាង និងសរសេររបាយការណ៍លទ្ធផលវាយតម្លៃឱ្យមានលក្ខណៈវិភាគគ្រប់ជ្រុងជ្រោយ ទាក់ទងទៅនឹងសូចនាករនៃស្តង់ដាទាំង ៩ ដើម្បីធានាបាននូវគុណភាព សុក្រឹតភាព និងតម្លាភាព។
បរិយាកាសនៃការពិភាក្សាក្រុមពេញមួយថ្ងៃ២ នេះ បានប្រព្រឹត្តទៅដោយរវើក និងទទួលបានលទ្ធផលជាផ្លែផ្កា។ លទ្ធផលនៃការពិភាក្សាក្រុមទាំងអស់នេះ នឹងត្រូវយកមកធ្វើបទបង្ហាញ និងដកស្រង់បទពិសោធន៍រួមគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មុនពេលឈានដល់ពិធីបិទអង្គសិក្ខាសាលាជាផ្លូវការ។


































